ក្រសួងព័ត៌មានបូកសរុបការងារឆមាសទី១ និងក្រើនរំលឹកអ្នកសារព័ត៌មាន ព្រមទាំងអ្នកផលិតមាតិកាឱ្យបញ្ឈប់សកម្មភាពប៉ះពាល់ដល់តម្លៃស្ត្រីខ្មែរ
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២៦ នេះ នៅសាលព្រះវិហារ ទីស្ដីការក្រសួងព័ត៌មាន មានរៀបចំ “កិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវត្តក្នុងឆមាសទី១ ឆ្នាំ២០២៦ និងតម្រង់ទិស លើកិច្ចការងារសម្របសម្រួលអង្គការ សមាគមអ្នកសារព័ត៌មាននៅកម្ពុជា” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងមានការអញ្ជើញចូលរួមជាគណៈអធិបតីដោយ ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកផ្នែកអង្គការ-សមាគម។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យ និងវាយតម្លៃឡើងវិញនូវរាល់លទ្ធផលការងារដែលបានអនុវត្តកន្លងមក ព្រមទាំងដាក់ចេញនូវទិសដៅការងារបន្តដើម្បីពង្រឹងការសម្របសម្រួលរវាងអង្គការ និងសមាគមអ្នកសារព័ត៌មាននៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព។ ក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក មីន ចាន់ធី ប្រធានសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព ព្រមទាំងតំណាងអង្គការ សមាគមអ្នកសារព័ត៌មាន និងបងប្អូនមន្ត្រីរាជការជាច្រើនរូបទៀតផងដែរ។
ស្របពេលជាមួយនឹងការតម្រង់ទិសនេះដែរ ដើម្បីលើកកម្ពស់វប្បធម៌ ប្រពៃណី និងតម្លៃស្ត្រីខ្មែរក្នុងបរិបទឌីជីថល ក្រសួងព័ត៌មាន ក្រសួងកិច្ចការនារី និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចេញសេចក្តីណែនាំរួមមួយស្តីពីការហាមឃាត់ការផលិត ផ្សព្វផ្សាយ និងចែកចាយបន្តនូវមាតិកាដែលប៉ះពាល់ដល់វប្បធម៌ ប្រពៃណីជាតិ ទំនៀមទម្លាប់ កិត្តិយស សេចក្តីថ្លៃថ្នូរ និងតម្លៃស្ត្រីខ្មែរ។
ដើម្បីធានាបាននូវសណ្តាប់ធ្នាប់សង្គម និងសីលធម៌ ក្រសួងទាំង៣ បានដាក់ចេញនូវសេចក្តីណែនាំយ៉ាងម៉ឺងម៉ាត់ដល់អ្នកផលិតមាតិកា អ្នកប្រើប្រាស់បណ្តាញសង្គម និងអ្នកសារព័ត៌មាន ដូចខាងក្រោម៖
ត្រូវបញ្ឈប់រាល់ការផលិត ផ្សព្វផ្សាយ និងចែកចាយបន្តនូវរូបភាព សំឡេង វីដេអូ ឬមាតិកាទាំងឡាយណាដែលប្រើប្រាស់ពាក្យសម្តីអសុរោះ ជេរប្រមាថ និងបង្ហាញភាពអាសអាភាស។ ទង្វើទាំងនេះរួមមានការស្លៀកពាក់ខើចលើខើចក្រោមជ្រុលហួសហេតុ ការកាយវិការស្រើបស្រាល និងឥរិយាបថដែលផ្ទុយពីសីលធម៌ប្រពៃណីជាតិ។
ត្រូវបញ្ឈប់រាល់ការយករាងកាយស្ត្រី និងសកម្មភាពស្រើបស្រាល មកធ្វើជាឧបករណ៍សម្រាប់ទាក់ទាញចំណាប់អារម្មណ៍ ដើម្បីទទួលបានការចូលមើល (Views), ការចូលចិត្ត (Likes) និងការចែករំលែក (Shares) ក្នុងគោលបំណងបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន ឬអាជីវកម្ម។
រាល់ការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផល ឬសេវាកម្មនានា ត្រូវចៀសវាងដាច់ខាតនូវការប្រើប្រាស់រូបភាព ឬភាសាដែលបន្ទាបតម្លៃយេនឌ័រ និងជាន់ឈ្លីកិត្តិយសសេចក្តីថ្លៃថ្នូររបស់ស្ត្រី និងមនុស្សគ្រប់រូប។
អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម និងអ្នកសារព័ត៌មាន ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ វិជ្ជាជីវៈ ត្រូវគោរពច្បាប់ជាធរមាន និងត្រូវចូលរួមផ្សព្វផ្សាយសារអប់រំអំពីសារៈសំខាន់នៃព័ត៌មានទៅកាន់សាធារណជន។ ត្រូវចៀសវាងការផលិត ឬចែកចាយមាតិកាដែលជះឥទ្ធិពលអវិជ្ជមានដល់តម្លៃស្ត្រី។
សូមចូលរួមផលិត ផ្សព្វផ្សាយ និងចែករំលែកនូវមាតិកាដែលបង្ហាញពីសកម្មភាពវិជ្ជមាន ការលើកស្ទួយវប្បធម៌ ប្រពៃណីជាតិ និងកិត្តិយសស្ត្រីខ្មែរ ដើម្បីទទួលបានគុណប្រយោជន៍ និងការលើកកម្ពស់កេរ្តិ៍ឈ្មោះនៅលើឆាកអន្តរជាតិ។
សូមលើកទឹកចិត្តដល់ការផលិតមាតិកាអប់រំ បំណិនជីវិត សិល្បៈ និងចំណេះដឹងទូទៅ ដើម្បីចូលរួមកសាងសង្គមមួយដែលពោរពេញដោយចំណេះដឹង សីលធម៌ និងសមធម៌យេនឌ័រ។
ជាចុងក្រោយ ក្រសួងទាំង៣ បានបញ្ជាក់យ៉ាងច្បាស់ថា ក្រសួងនឹងចាត់វិធានការយ៉ាងតឹងរ៉ឹងតាមច្បាប់ចំពោះរូបវន្តបុគ្គល ឬនីតិបុគ្គលណា ដែលនៅតែបន្តប្រព្រឹត្តល្មើសនឹងសេចក្តីណែនាំនេះ ក្រោយពីទទួលបានការអប់រំរួចមកហើយ។
បន្ទាប់ពីបានបញ្ចប់របៀបវារៈនៃកិច្ចប្រជុំយ៉ាងរលូនរួចមក ឯកឧត្តមរដ្ឋមន្ត្រី ព្រមទាំង ឯកឧត្តមរដ្ឋលេខាធិការ លោកប្រធានសមាគម តំណាងអង្គការ និងអ្នកចូលរួមទាំងអស់ ក៏បានអញ្ជើញថតរូបជួបជុំគ្នាជាមហាគ្រួសារ ដើម្បីទុកជាអនុស្សាវរីយ៍ក្នុងបរិយាកាសដ៏ស្និទ្ធស្នាល និងប្រកបដោយសាមគ្គីភាពបំផុត។




