កាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី និងស្រុកកែវសីមា ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋ ៤ គ្រួសារ
ខេត្តមណ្ឌលគិរី៖ កាលពីថ្ងៃទី ៥ ខែកក្កដា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា តំណាងកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី សហការជាមួយអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកកែវសីមា ព្រមទាំងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន រួមមានមេឃុំ និងមេភូមិ បានចុះសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌ចែកជូនដល់ប្រជាពលរដ្ឋចំនួន ៥ គ្រួសារ ដែលកំពុងជួបការលំបាកក្នុងជីវភាព។

នៅក្នុងពិធីចែកអំណោយនោះ អាជ្ញាធរឃុំ-ភូមិ និងតំណាងកាកបាទក្រហម បានសម្តែងនូវការយកចិត្តទុកដាក់ និងការចែករំលែកក្ដីស្រឡាញ់យ៉ាងកក់ក្តៅចំពោះបងប្អូនប្រជាពលរដ្ឋ។ អំណោយដែលគ្រួសារនីមួយៗទទួលបានរួមមាន៖
(គ្រឿងឧបភោគបរិភោគ/សម្ភារប្រើប្រាស់) ចំនួន ១ កញ្ចប់រួមមាន÷
មុងនិងភួយ
អង្ករមួយបាវ
មី ចំនួន ១ កេះតូច
ទឹកស៊ីអ៊ីវ ចំនួន ១ យួរ
ទឹកត្រី ១ យួរ
ជែលលាងដៃពីរដប
ថវិកា មួយចំនួន

សកម្មភាពនេះបានឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាព និងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់កាកបាទក្រហមកម្ពុជា ក៏ដូចជាអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ក្នុងការជួយសម្រាលទុក្ខធុរៈ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឲ្យកាន់តែប្រសើរឡើង។ ប្រជាពលរដ្ឋទាំង ៤ គ្រួសារ បានសម្តែងនូវក្តីរំភើប និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកាកបាទក្រហម និងអាជ្ញាធរ ឃុំ-ភូមិ ដែលតែងតែនៅក្បែរ និងជួយឧបត្ថម្ភគាំទ្រពួកគាត់ក្នុងគ្រាលំបាកបែបនេះ។
