ឆ្នាំសិក្សា ២០២៥-២០២៦នេះ បេក្ខជនចុះឈ្មោះប្រឡងមធ្យមសិក្សាទុតិយភូមិ សរុប ១៥១ ២៣៨នាក់
ចេញផ្សាយ ថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០២៦
គណៈមេប្រយោគនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦ ទូទាំងប្រទេសប្រចាំការ កំពុងបំពេញភារកិច្ចយ៉ាងសកម្មក្នុងការសម្របសម្រួលជាមួយគណៈមេប្រយោគតាមមណ្ឌលរាជធានី-ខេត្ត ដើម្បីប្រមូលព័ត៌មាន ដោះស្រាយបញ្ហាបច្ចេកទេស ឆ្លើយតបសំណួរ និងផ្សព្វផ្សាយព័ត៌មានបច្ចុប្បន្នភាពនៃដំណើរការប្រឡង ឱ្យបានទាន់ពេលវេលាតាមរយៈគេហទំព័រ និងទំព័របណ្ដាញសង្គមផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា។
តាមប្រភពព័ត៌មានពីក្រសួងអប់រំ បានឱ្យដឹងថា ក្នុងឆ្នាំសិក្សា ២០២៥-២០២៦ នេះ បេក្ខជនចុះឈ្មោះប្រឡងសរុប ១៥១ ២៣៨នាក់ (ស្រី ៨៤ ៧៣៥នាក់)។
បេក្ខជនថ្នាក់វិទ្យាសាស្រ្ត មានចំនួន ៣៧ ៤៤៥ នាក់ ស្មើនឹង ២៤,៧៦% និងបេក្ខជនថ្នាក់វិទ្យាសាស្រ្តសង្គមមានចំនួន ១១៣ ៧៩៣នាក់ ស្មើនឹង ៧៥,២៤%។
សូមជម្រាបថា ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៦ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ តាមមណ្ឌលសំណេរនៃរាជធានី-ខេត្តទាំង២៥ នៅទូទាំងប្រទេស៕



