ចម្លាក់ដ៏ល្អវិចិត្រនៃប្រាសាទព្រះវិហារបានបាក់បែកជាបំណែកតូចៗដោយសារតែការបាញ់ប្រហាររបស់យោធាថៃកាលពីជិតមួយឆ្នាំកន្លងទៅ។ រូបថត ហុង រស្មីលោកបានអំពាវនាវដល់ប្រជាពលរដ្ឋកុំឱ្យប៉ះវត្ថុណាមួយដែលសង្ស័យថាជាគ្រាប់មីន ឬយុទ្ធភណ្ឌមិនទាន់ផ្ទុះ ហើយត្រូវរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមូលដ្ឋាន ឬមន្ត្រី CMAC ដែលនៅជិតបំផុត។ក្នុងចំណោមគម្រោងអភិរក្សដែលរងផលប៉ះពាល់ដោយជម្លោះថ្មីៗនេះ មានគម្រោងជួសជុលជណ្ដើរខាងជើងនៃប្រាសាទព្រះវិហារ ដែលទទួលបានការគាំទ្រពីមូលនិធិឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកសម្រាប់ការអភិរក្សវប្បធម៌។លោកបានឱ្យដឹងថា ការងារនេះបានចាប់ផ្ដើមពីឆ្នាំ២០១៨ និងបន្តរហូតដល់ខែកក្កដា ឆ្នាំ២០២៥។ អាជ្ញាធររំពឹងថា គម្រោងអាចបញ្ចប់ក្នុងរយៈពេលប្រមាណពីរឆ្នាំទៀត ប៉ុន្តែការងារត្រូវបានផ្អាកទាំងស្រុង ហើយជណ្ដើរបានរងការខូចខាតបន្ថែម។លោកបញ្ជាក់ថា សូម្បីតែការជួសជុលការខូចខាតដោយធម្មជាតិក៏ត្រូវការរយៈពេលយូរ ខណៈការខូចខាតដោយអាវុធមានភាពស្មុគស្មាញ និងពិបាកប៉ាន់ប្រមាណជាង។ការដ្ឋានអភិរក្សគោបុរៈទី៥ ដែលគាំទ្រដោយរដ្ឋាភិបាលឥណ្ឌា ក៏ត្រូវបានបំផ្លាញផងដែរ។ ការដ្ឋាននេះមានការិយាល័យ រោងអភិរក្ស រោងកាត់ថ្ម ឧបករណ៍ស្ទូចថ្ម និងអគារផ្ដល់ព័ត៌មានអំពីការងារអភិរក្ស។លោកបានឱ្យដឹងថា ហេដ្ឋារចនាសម្ព័ន្ធទាំងនេះបានសាងសង់រួចតាំងពីឆ្នាំ២០២៥ ដើម្បីត្រៀមអនុវត្តការងារជួសជុល ប៉ុន្តែបច្ចុប្បន្នគ្មានសំណង់ណាមួយអាចយកមកប្រើប្រាស់ឡើងវិញបានទេ។លោកថា សូម្បីតែឧបករណ៍ស្ទូចធ្វើពីដែក និងគ្រោងបេតុងក៏ត្រូវបានបំផ្លាញដួលរាបដល់ដី។ក្រៅពីសហរដ្ឋអាមេរិក និងឥណ្ឌា ប្រទេសចិនក៏បានសិក្សា និងគ្រោងជួយជួសជុលផ្នែកមួយចំនួននៃគោបុរៈទី១ ទី២ និងទី៣។ ប៉ុន្តែគម្រោងទាំងនោះក៏ត្រូវបានផ្អាកដោយសារស្ថានភាពសន្តិសុខ។លោក ពុទ្ធិការ បានបញ្ជាក់ថា រាល់សកម្មភាពជួសជុល និងអភិរក្សទាំងរបស់អាជ្ញាធរជាតិព្រះវិហារ និងដៃគូអន្តរជាតិ ត្រូវបានផ្អាក។ ក្រុមជំនាញអាចអនុវត្តបានតែការងារសង្គ្រោះបន្ទាន់ប៉ុណ្ណោះ។លោកថា៖ «អ្វីដែលខ្ញុំធ្វើបានសព្វថ្ងៃនេះ គឺជាការងារសង្គ្រោះប្រាសាទព្រះវិហារ មិនមែនជាការងារជួសជុលទេ»។វិធានការបន្ទាន់រួមមានការទល់ទ្រសំណង់ ការបិទភ្ជាប់ផ្នែកដែលប្រេះបែក ការប្រមូល និងការពារបំណែកថ្ម ការរៀបចំឯកសារវិទ្យាសាស្ត្រ និងការថតរូបបែប 3D។វិធានការទាំងនេះមានគោលបំណងការពារកុំឱ្យសំណង់បាក់បែកបន្ថែម មុនពេលការជួសជុលពេញលេញអាចចាប់ផ្ដើមឡើងវិញ។លោកបានពន្យល់ថា ការផ្គុំបំណែកថ្មបុរាណឡើងវិញមានភាពស្មុគស្មាញ ព្រោះថ្មមួយដុំអាចមានទម្ងន់១០០ទៅ២០០គីឡូក្រាម និងអាចបែកជា២០ទៅ៣០បំណែក។មន្ត្រីជំនាញត្រូវកំណត់ថា បំណែកនីមួយៗជាប់ជាមួយថ្មមួយណា ស្ថិតនៅទីតាំងណា និងត្រូវផ្គុំឡើងវិញដោយបច្ចេកទេសបែបណា។ ការងារនេះទាមទារការសិក្សាស្រាវជ្រាវ អ្នកជំនាញ បច្ចេកវិទ្យា និងពេលវេលាយូរ។ដោយសារការវាយតម្លៃបច្ចេកទេសមិនទាន់បញ្ចប់ អាជ្ញាធរមិនទាន់អាចកំណត់តម្លៃជាក់លាក់នៃការខូចខាត ថវិកាដែលត្រូវការ ឬរយៈពេលសម្រាប់ការស្ដារឡើងវិញបានទេ។លោក ពុទ្ធិការ បានឱ្យដឹងថា អង្គការ UNESCO បានបញ្ជូនអ្នកជំនាញចុះពិនិត្យទីតាំង និងគៀងគរថវិកាចំនួន២០,០០០ដុល្លារ សម្រាប់ការសង្គ្រោះបន្ទាន់។ថវិកានេះត្រូវបានប្រើសម្រាប់ការសិក្សាបច្ចេកទេស ការធ្វើរបាយការណ៍ ការថតរូប និងការចងក្រងឯកសារវិទ្យាសាស្ត្រ មិនមែនសម្រាប់ការជួសជុលប្រាសាទទាំងមូលទេ។លោកបញ្ជាក់ថា រហូតមកដល់ពេលនេះ UNESCO ជាប្រភពជំនួយអន្តរជាតិផ្នែកសង្គ្រោះបន្ទាន់ដែលអាជ្ញាធរទទួលបាន ខណៈការងារក្នុងស្រុកពឹងផ្អែកលើថវិការដ្ឋ និងការបរិច្ចាគពីប្រជាពលរដ្ឋ។តាមលោក ពុទ្ធិការ ការចាប់ផ្ដើមការជួសជុលឡើងវិញអាស្រ័យលើស្ថានភាពសន្តិសុខ និងការដោះស្រាយបញ្ហាព្រំដែន។ វត្តមានកងទ័ពនៅក្បែរតំបន់ប្រាសាទបានដាក់សម្ពាធលើទេសចរណ៍ ការគ្រប់គ្រងបេតិកភណ្ឌ និងសុវត្ថិភាពរបស់ក្រុមមន្ត្រីអភិរក្ស។លោកមិនអាចបញ្ជាក់ថា ការងារអភិរក្សពេញលេញនឹងអាចបន្តនៅពេលណា ឬត្រូវចំណាយពេលប៉ុន្មានឆ្នាំដើម្បីស្ដារការខូចខាតបានទេ។លោកថា ប្រសិនបើបញ្ហាព្រំដែនអាចត្រូវបានដោះស្រាយ និងភាគីទាំងពីរវិលមកធ្វើការតាមយន្តការដែលបានកំណត់ ស្ថានភាពអាចប្រសើរឡើង។ ប៉ុន្តែបើការដាក់ពង្រាយអាវុធ និងភាពតានតឹងបន្តកើនឡើង ការវិលត្រឡប់ទៅរកការងារអភិរក្សធម្មតានឹងនៅតែជួបការលំបាក៕




