ក្ដៅគគុកក្នុងរង្វង់អ្នកសារព័ត៌មាន៖ ការបង្ហោះសាររបស់ប្រធានសមាគមជុំវិញរឿងគំរាមទារប្រាក់ បង្កជាមន្ទិលសង្ស័យ ផលប៉ះពាល់ក្រមសីលធម៌ និងការទាមទារតម្លាភាពតាមផ្លូវច្បាប់ភ្នំពេញ៖ ការបង្ហោះសារជាសាធារណៈដោយ លោក សួន សុខឌឿន ដែលតែងតែអះអាងខ្លួនថាជា «ឯកឧត្តមបណ្ឌិតសាស្ត្រាចារ្យ» ប្រធានសមាគម «អ្នកសារព័ត៌មាន NMR កម្ពុជានិងអន្តរជាតិ» និងជាប្រធានក្រុមសន្តិសុខឯកជន NMR ដែលបានលើកឡើងពីករណីអង្គភាពសារព័ត៌មានចំនួន ៦ លើកឡើងថា «បើក្រុមហ៊ុនសន្តិសុខមិនបង់លុយប្រចាំខែចំនួន ១០០ដុល្លារទេ នឹងត្រូវផ្សាយរាល់ថ្ងៃរហូតដល់អស់ជីវិតនោះ» បាននិងកំពុងក្លាយជាប្រធានបទដ៏រសើប និងក្តៅគគុកបំផុត។ បញ្ហានេះបានបង្កឱ្យមានការជជែកដេញដោលយ៉ាងខ្លាំងក្លា និងបង្កើតជាមន្ទិលសង្ស័យក្នុងចំណោមអ្នកសារព័ត៌មានអាជីពថា តើអង្គភាពសារព័ត៌មានណាមួយដែលហ៊ានយកឈ្មោះវិស័យព័ត៌មានទៅគំរាមកំហែងទារប្រាក់ពីប្រធានសមាគមផ្ទាល់បែបនេះ?ការចោទសួរដេញដោល និងភាពស្រពិចស្រពិលនៃការពិត៖ មជ្ឈដ្ឋានអ្នកសារព័ត៌មានអាជីពបានធ្វើការវែកញែកយ៉ាងស៊ីជម្រៅ ដោយចោទសួរថា តើការបង្ហោះសាររបស់អ្នកដឹកនាំស្ថាប័ន ឬប្រធានសមាគមរូបនោះ «ជាការពិត ឬជាការប្រឌិត»? ការជជែកដេញដោលបានបង្ហាញថា ប្រសិនបើរឿងនេះមិនពិត វាអាចជាយុទ្ធសាស្ត្រ ឬជាចេតនា «ឡបប៊ី» ណាមួយ ដើម្បីបិទបាំង ឬបង្កើតភាពចលាចលនៅក្នុងសង្គម។ ប៉ុន្តែបើជារឿងពិត ហេតុអ្វីបានជាមិនហ៊ានទម្លាយអត្តសញ្ញាណ និងភស្តុតាងឱ្យបានច្បាស់លាស់?ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងក្រមសីលធម៌ក្នុងនាមជាអ្នកដឹកនាំ ក្រោមការដឹកនាំដ៏សកម្មរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ព្រមទាំងថ្នាក់ដឹកនាំគ្រប់ស្ថាប័ន តែងតែយកចិត្តទុកដាក់ និងផ្សព្វផ្សាយជាប្រចាំនូវយុទ្ធនាការប្រយុទ្ធប្រឆាំងនឹង «ព័ត៌មានក្លែងក្លាយ» (Fake News) ដើម្បីធានាសណ្តាប់ធ្នាប់សង្គម និងកិត្តិយសវិស័យសារព័ត៌មាន។ ដូច្នេះ ក្នុងនាមជា «ប្រធានសមាគមអ្នកសារព័ត៌មាន» គឺរឹតតែមានភារកិច្ច និងការទទួលខុសត្រូវខ្ពស់ក្នុងការផ្ដល់គំរូខិតខំប្រឹងប្រែងលើកស្ទួយវិជ្ជាជីវៈ ដោយមិនត្រូវបង្កើត ឬចែកចាយព័ត៌មានដែលគ្មានមូលដ្ឋានច្បាស់លាស់ ដែលនាំឱ្យប៉ះពាល់ដល់សង្គមនោះឡើយ។ផ្អែកលើច្បាប់ និងក្រមសីលធម៌ ការចេញមុខបង្ហោះសារជាសាធារណៈដោយខ្វះការបង្ហាញអត្តសញ្ញាណអង្គភាពប្រព្រឹត្តខុសច្បាប់ គឺបានផ្ដល់ផលវិបាកអវិជ្ជមានយ៉ាងខ្លាំង៖១- ប៉ះពាល់ដល់កិត្តិយសរួម៖ វាធ្វើឱ្យប៉ះពាល់ និងជាន់ឈ្លីដល់សេចក្តីថ្លៃថ្នូររបស់អ្នកសារព័ត៌មានអាជីពផ្សេងទៀត ដែលខិតខំប្រឹងប្រែងបំពេញការងារដោយសុចរិត និងប្រកបដោយក្រមសីលធម៌។២- បង្កការភាន់ច្រឡំធ្ងន់ធ្ងរ៖ ការបង្ហោះព័ត៌មានបែបច្របូកច្របល់ គ្មានមូលដ្ឋានច្បាស់លាស់ គឺធ្វើឱ្យសាធារណជនយល់ច្រឡំ និងបាត់បង់ទំនុកចិត្តមកលើវិស័យសារព័ត៌មានទាំងមូលក្នុងព្រះរាជាណាចក្រកម្ពុជា។៣- ហានិភ័យគតិយុត្តិ៖ ផ្អែកលើស្មារតីច្បាប់ ការចោទប្រកាន់ជាសាធារណៈដោយគ្មានមូលដ្ឋានច្បាស់លាស់ អាចធ្វើឱ្យអ្នកបង្ហោះខ្លួនឯងងាយនឹងប្រឈមមុខនឹងផ្លូវច្បាប់ជុំវិញការបរិហារកេរ្តិ៍ ឬការបង្កើតព័ត៌មានមិនពិត។យ៉ាងណាទាក់ទិនទៅនិងករណីនេះ អ្នកសារព័ត៌មានអាជីព និងអ្នកតាមដានសង្គមបានលើកឡើងថា បើសិនជាការបង្ហោះព័ត៌មានខាងលើ គឺជារឿងពិត ត្រូវធ្វើមានលក្ខណៈច្បាស់លាស់ដូចខាងក្រោម៖១- បង្ហាញភស្តុតាង និងអត្តសញ្ញាណ៖ ត្រូវតែបង្ហាញឯកសារ សម្លេង កិច្ចសន្ទនា ឬភស្តុតាងរឹងមាំព្រមទាំងឈ្មោះអង្គភាពសារព័ត៌មានទាំង ៦ នោះជាសាធារណៈ ឬដាក់ជូនក្រសួងស្ថាប័នមានសមត្ថកិច្ច។២- អនុវត្តតាមវិធានការច្បាប់៖ មិនត្រូវត្រឹមតែបង្ហោះសារនៅលើបណ្តាញសង្គមដើម្បីបង្កភាពចលាចលនោះទេ ប៉ុន្តែត្រូវដាក់ពាក្យបណ្តឹងផ្លូវការ ដើម្បីឱ្យក្រសួងព័ត៌មាន និងអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការផ្លូវច្បាប់យ៉ាងតឹងរ៉ឹង ដើម្បីបោសសម្អាតក្រុមខិលខូច។ទន្ទឹមនឹងការខិតខំប្រឹងប្រែងរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងថ្នាក់ដឹកនាំគ្រប់ស្ថាប័ន ក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ មជ្ឈដ្ឋានអ្នកសារព័ត៌មានបានសង្កត់ធ្ងន់ថា ក្នុងនាមជាអ្នកដឹកនាំស្ថាប័នសារព័ត៌មាន គឺមិនត្រូវបង្កើត ឬផ្សព្វផ្សាយព័ត៌មានដែលគ្មានមូលដ្ឋានច្បាស់លាស់នោះឡើយ។ ការជជែកដេញដោលគ្នាក្នុងចំណោមអ្នកសារព័ត៌មានបានបង្ហាញយ៉ាងច្បាស់ថា តម្លាភាព ភស្តុតាងច្បាស់លាស់ និងការគោរពក្រមសីលធម៌វិជ្ជាជីវៈ គឺជាខែលការពារដ៏រឹងមាំបំផុត ខណៈដែលការបង្ហោះសារដោយគ្មានមូលដ្ឋានច្បាស់លាស់ មិនត្រឹមតែមិនអាចដោះស្រាយបញ្ហានោះទេ ប៉ុន្តែថែមទាំងនាំឱ្យមានការសង្ស័យ និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់តម្លៃនៃវិស័យសារព័ត៌មានជាតិទាំងមូលផងដែរ៕

សូមជម្រាបជូនអ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មានទាំងអស់!ក្រសួងព័ត៌មាន នឹងរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការលើកកម្ពស់ការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តសម្រាប់អ្នកសារព័ត៌មាន» សម្រាប់សិក្ខាកាមចំនួន ៣០០នាក់ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងព័ត៌មាន។វគ្គនេះសម្រាប់អ្នកសារព័ត៌មានជាតិដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន។ សូមត្រៀមបណ្ណព័ត៌មានចេញដោយក្រសួងព័ត៌មាន និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ សម្រាប់ការចុះឈ្មោះ។📌 សូមចុះឈ្មោះត្រឹមថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ 📲 ០១២ ៣៧៥ ៣៥២ ឬស្កេន QR Code ក្នុងសេចក្តីជូនដំណឹង។ព័ត៌មានលម្អិត សូមអានសេចក្តីជូនដំណឹងដែលភ្ជាប់ជាមួយ។ សូមអរគុណ!